ហ្វេសប៊ុកជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជា។ យុវវ័យខ្មែរនិយមលេងហ្វេសប៊ុក ឯចាស់ៗមួយចំនួនក៏លេងដែរ។
លេងហ្វេសប៊ុកពិតជាសប្បាយមែន! ប៉ុន្តែព្រមជាមួយនឹងភាពរីករាយ និងទំនើប អ្នកលេងហ្វេសប៊ុកអាចប្រឈមនឹងបញ្ហាផ្សេងៗ ក្នុងនោះមាន ហេក ផងដែរ។
ហេក ជាភាសាអង់គ្លេស Hack មានន័យថា ការលួចចូលតាមប្រព័ន្ធអ៊ិនធើណេត។
កាលពីមុន ការហេកមានតែនៅបរទេស ប៉ុន្តែពេលនេះបានចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ជាពិសេសការហេកចូលហ្វេសប៊ុក។
ការហេកហ្វេសប៊ុកច្រើនកើតឡើងលើ account ណាដែលមិនសូវសកម្ម ឬមានលេខសម្ងាត់ខ្សោយ។ អ្នកលេងហ្វេសប៊ុកចូលចិត្តប្រើលេខសម្ងាត់ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ជាពិសេសលេខ ទូរស័ព្ទ។ ទាំងនេះសុទ្ធតែងាយចាំ ប៉ុន្តែក៏ងាយឲ្យគេហេកចូលដែរ។
ចំពោះអ្នកមិនសូវសកម្ម ច្រើនតែអ្នកលេងដែលមានអាយុច្រើន។ ចាស់ៗដែលលេងហ្វេសប៊ុកមានតិចនាក់ដែលចេះលេងពិតប្រាកដ ក្រៅពីនេះ ពួកគាត់មានហ្វេសប៊ុកដោយសារកូនចៅបើក account ឲ្យ។ អ្នកខ្លះបានតែបើកចោល តែមិនដឹងលេងយ៉ាងម៉េច។ អ្នកខ្លះទៀតបើកហើយឲ្យកូនចៅលេងជំនួស។ល។ ដោយសារតែបែបនេះ account ហ្វេសប៊ុករបស់ពួកគាត់ ងាយរងគ្រោះជាងគេ។
ជាក់ស្តែងដូចជា account ហ្វេសប៊ុករបស់ប្រធានអង្គការដំរីស ដែលគាត់មានអាយុច្រើន គាត់មិនបានសកម្មលើហ្វេសប៊ុករបស់គាត់ នាំឲ្យមានគេហេកចូលបាន ហើយប្រើប្រាស់ ហ្វេសប៊ុកឈ្មោះគាត់ទៅ post រឿងមិនល្អ និងរឿងទាក់ទងនយោបាយ។ ហ្វេសប៊ុករបស់គាត់ត្រូវបានគេហេកចូលពីរដងហើយ។ នេះជាក្តីបារម្ភមួយសម្រាប់អ្នកលេង ហ្វេសប៊ុកទាំងឡាយ។
ដើមី្បចៀសវាងបញ្ហានេះ នាងខ្ញុំសូមផ្តល់នូវយោបល់ខ្លះៗដល់បណ្តាលអ្នកលេងហ្វេសប៊ុក៖
- ដាក់លេខសម្ងាត់ខ្លាំងៗ ដូចជា ប្រយោគ ឬអក្សរលាយលេខ
- កុំបើកទុកចោល ត្រូវ log out ពេលអ្នកឈប់លេង (ជាពិសេសលេងហ្វេសប៊ុកតាមទូរស័ព្ទ)
- ត្រូវតែឧស្សាហ៍ post យ៉ាងហោចណាស់ពីរថ្ងៃ post (រូបភាព) មួយ
- ត្រូវប្តូរលេខសម្ងាត់បីខែម្តង
- កុំ share សារជូនពរ ឬសារប្រាប់ឲ្យផ្ញើទៅមិត្តចំនួនប៉ុណ្ណេះ នឹងមានសំណាងជាដើម (ព្រោះនេះអាចឆ្លងមេរោគ និងឲ្យអ្នកហេកគ្រប់គ្រងលើហ្វេសប៊ុករបស់អ្នក)
- កុំ add friend ឬ confirm អ្នកដែលមិនធ្លាប់ស្គាល់ ឬគ្មាន mutual friends
- ក្នុងករណីមាន friend ដែលធ្លាប់ add ហើយ បែរជាឃើញមាន account ឈ្មោះដូចគ្នាមក add សូមកុំទាន់អាល confirm អ្នកគួរសួរបញ្ជាក់មិត្តរបស់អ្នកសិន ព្រោះខ្លាចនោះជា account ក្លែងក្លាយ
- កុំមាន account ច្រើនពេក ព្រោះខ្លាចអ្នកគ្រប់គ្រងមិនបានអស់
ខាងលើនេះជាជំនួយក្នុងអាចការពារហ្វេសប៊ុករបស់អ្នកកុំឲ្យគេហេកចូលបាន។ ទោះយ៉ាងណា អ្នកត្រូវតាមដាន ត្រួតពិនិត្យមើលហ្វេសប៊ុករបស់អ្នកជាប្រចាំដើមី្បឲ្យកុំមានការធ្លោះធ្លោយ។ ក្នុងករណីអ្នកមិនសូវបានលេង អ្នកគួរបិទ account នោះ ដោយដករូបភាពសំខាន់ៗ និងដូរឈ្មោះពិតរបស់អ្នកចេញពី account មុននឹងបិទ ព្រោះធ្វើបែបនេះ ទោះបីគេហេក account នោះបាន ក៏គេមិនអាចប្រើប្រាស់ឈ្មោះ និងរូបរបស់អ្នកដែរ៕
Advertisements Like this:Like Loading... Related